ឃាត់រថយន្តដឹកអុសជាប្រភេទដើមស្វាយចន្ទី បម្រុងឆ្លងដែនទៅវៀតណាម

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឃាត់រថយន្តដឹកអុសដើមស្វាយចន្ទីមួយគ្រឿង ដែលកំពុងដឹកបម្រុងទៅកាន់ប្រទេសវៀតណាម។
ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានប្រាប់ថា ពេលគាត់ចុះទៅជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី មិនបានឃាត់រថយន្តដឹកអុសចន្ទីទេ ប៉ុន្តែមិនអនុញ្ញាតឲ្យរថយន្តនោះដឹកអុសចន្ទីទៅក្រៅទេពោលគឺគ្មានបែបបទឯកសារត្រឹមត្រូវ។
ទាក់ទិនទៅនឹងការឃាត់រថយន្តដឹកអុសចន្ទីខាងលើនេះលោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ថា ពាក់ព័ន្ធទៅនឹងបច្ចេកទេសផ្លូវថ្នល់ដឹកលើសទំងន់មិនពាក់ព័ន្ធ និងអុសចន្ទីទេ។
គេសង្កេតឃើញរថយន្តដឹកអុសចន្ទីនៅទ្រឹងមួយកន្លែងវិលកង់មិនរួចជិតច្រកទ្វារអន្តរជាតិអូរយ៉ាដាវរយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ មានកម្មករចំនួន៥នាក់មានទឹកមុខស្រពាប់ស្រពោនដាច់បាយក្រហាយទឹក មិនទាន់ដឹងជំនាញខាងណាអ្នកទទួលខុសត្រូវ។
កម្មករដែលនៅលើរថយន្តបានបញ្ជាក់ថា ពួកគាត់បានប្រមូលទិញអុសចន្ទីក្នុងភូមិសាស្ត្រឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយម៉ៅក្នុង១ហិកតា តម្លៃ១០-១៥ម៉ឺនរៀល និងម្ចាស់ចំការចន្ទីខ្លះទៀតឲ្យមិនគិតលុយព្រោះដើមចន្ទីចាស់ៗ គ្មានផ្លែទៀតទេ ដោយគ្រាន់តែម្ចាស់ចំការទាំងនោះឲ្យប្រមូលដើម និងមែកចន្ទីឲ្យស្អាតហើយយកដីដាំដំណាំផ្សេងៗទៀត ហើយការចាប់ផ្តើមរកស៊ីពួកគាត់ជើងទី១ មិនទាន់ដឹកដល់វៀតណាមជួបឧបសគ្គតែម្តង៕
