អគារទីបញ្ជាការ វរៈសេនាតូច អគារទីបញ្ជាការផ្នែកសឹករងស្រុក អគារទីបញ្ជាការផ្នែកសឹករងក្រុង និងឃ្លាំងអាវុធរបស់ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប ជាអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានបញ្ចុះបឋមសិលាសាងសង់

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ទីបញ្ជាការ វរៈសេនាតូចលេខ ១ តំបន់ប្រតិបត្តិការសឹករងកែប បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារពីបញ្ជាការ និងឃ្លាំងអាវុធ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប។
ក្រោយពីពិធីបញ្ចុះបឋមសិលា បានបញ្ចប់ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសបំផុតបានប្រគល់ឲ្យនៅអគារទីបញ្ជាការ ចំនួន ៣ អគារ និងឃ្លាំងសម្ភារៈសម្រាប់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប(ទីបញ្ជាការវរៈសេនាតូច-ទីបញ្ជាការផ្នែកសឹករងស្រុក-ទីបញ្ជាការផ្នែកសឹករងក្រុង) ។
