ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតកន្លងទៅ ក៏យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍ថា ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតកន្លងទៅ ក៏យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្ដមមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យថឹងថា មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាពដាក់ចេញនូវគោលនយោបាយបម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ ហើយការពង្រឹងការងារយុវជននៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មីកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជននៅទូទាំងប្រទេស។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា “ ក្នុងន័យនេះ ទោះបីគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នាជាសមាជិក-សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ, ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្សឱ្យមាននិរន្តរភាពរឹងមាំ” ៕
