សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងរៀបចំអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ ។
ក្នុងឱកាសអញ្ជើញ បិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ។
សម្តេចតេជោ ក៏បានយកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ កម្ពុជាបានបញ្ចូលជាបន្តបន្ទាប់នូវបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ ហើយនៅពេលខាងមុខកម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។
សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ ដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។
សម្តេចតេជោសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនី និងយោធិនបញ្ជាការដ្ឋាន- អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ និងការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែលនេះបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ៕
