សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមសោកស្តាយ និងឧបត្ថម្ភការព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះធ្ងន់ធ្ងរ

ភ្នំពេញ៖ ដោយក្តីតក់ស្លុត រំជួលចិត្ត និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ផ្លែឈើស្រស់ ទឹកផ្លែឈើ និងថវិកាចំនួន ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ សៀង ស្រីអូន អាយុ ២២ឆ្នាំ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
នាឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបជូន៖ [សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីមួយនេះ សម្តេចមានអារម្មណ៍ក្តុកក្តួល ក្តីសោកស្តាយ និងក្តីអាណិតយ៉ាងក្រៃលែង ហើយក៏បានបញ្ជូនឱ្យក្រុមការងារចុះមកភ្លាមៗដើម្បីជួយសម្រាលទុកលំបាកក្នុងពេលព្យាបាល។ ជាមួយគ្នានេះផងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកនឹងចេញថ្លៃព្យាបាលទាំងអស់និងសូមបួងសួងដល់ក្មួយស្រី សៀង ស្រីអូន ឆាប់បានជាសះស្បើយឡើងវិញ]។។
