មន្ត្រីអង្គការសហប្រជាជាតិចុះពិនិត្យមើលទ័ពមួកខៀវកម្ពុជាហ្វឹកហ្វឺនស្ពានបណ្តែតទឹក
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាខេត្តកំពង់ស្ពឺ លោកស្រី Amy Weesner មន្ត្រីអង្គការសហប្រជាជាតិ ចុះទៅពិនិត្យមើលដោយផ្ទាល់ដល់កងកម្លាំងមួកខៀវកម្ពុជា ធ្វើការហ្វឹកហ្វឺនលើជំនាញបច្ចេកទេសប្រើប្រាស់ស្ពានបណ្តែតទឹក ដែលមានគ្រូបង្ហឹកមកពីប្រទេសចិន បន្ទាប់ពីលោកស្រី បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅទីស្តីការមជ្ឈមណ្ឌលជាតិ នៅរាជធានីភ្នំពេញ នៅថ្ងៃដដែលនេះ។
លោកស្រី Amy Weesner បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពកម្ពុជា ក្នុងការរួមចំណែកចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ជូនមនុស្សជាតិលើពិភពលោក។
ចំពោះការហ្វឹកហ្វឺនលើជំនាញប្រើប្រាស់ស្ពានបណ្តែតទឹកនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី វណ្ណារ៉ា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល២២ថ្ងៃ ហើយសិក្ខាកាមជាទ័ពមួកខៀវ គឺចុះហ្វឹកហ្វឺនផ្ទាល់នៅលើផ្ទៃទឹកបឹង និងផ្ទៃទឹកទន្លេ ដែលរហូតមកដល់ពេលនេះ គឺសិក្ខាកាមយើង បានទទួលនូវចំណេះដឹងថ្មី។ ដោយឡែកនៅសប្តាហ៍ក្រោយនេះ សិក្ខាកាម នឹងចុះទៅអនុវត្តផ្ទាល់នៅលើផ្ទៃទឹកទន្លេសាប ដើម្បីឱ្យមានភាពប្រកត់ច្បាស់នូវចំណេះដឹងនៃការប្រើប្រាស់ស្ពានបណ្តែតទឹកនេះ។
សូមបញ្ជាក់ថា មធ្យោបាយ សម្ភារ ដែលមានរថយន្ត គ្រឿងចក្រ គ្រឿងបំពាក់ស្ពានបណ្តែតទឹក និងកងកម្លាំងស្ពានបណ្តែតទឹក ដែលជាតំរូវការរបស់អង្គការសហប្រជាតិ បានស្នើមកកាន់កម្ពុជា គឺបានត្រៀមរួចជាស្រេចហើយ ដើម្បីត្រៀមចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនាពេលខាងមុខ៕