មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ក្រោមប្រធានបទ យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្តូរការរស់នៅ
ព្រះសីហនុ៖ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំអបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្តូរការរស់នៅ ” នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងលោក សែជោ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។
លោក សែជោ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Dabetisday)បានបង្កើតក្នុងឆ្នាំ១៩៩១ ដោយសម្ព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ច បង្កឡើងដោយជំងឺទឹកនោមផ្អែម។ ទិវានេះក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦ ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវាឡង់ នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់ការពារ និងព្យាបាលជំងឺទឹកនោមផ្អែម។
ប្រធានបទទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២ គឺរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្ដូររបៀបរស់នៅដោយជំរុញឱ្យមានការកែប្រែឥរិយាបថ និងទម្លាប់ការរស់នៅ ពិសេសបរិ ភោគអាហារប្រកបដោយផាសុខភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពការពារជំងឺទឹកនោមផ្អែមដោយខ្លួនឯងផ្ទាល់ និងចូលរួមកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម កុំពិសាប្រៃ ផ្អែមពេក កុំពិសារខ្លាញ់ពេក ធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀតជាដើម។
លោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ អបអរសាទរទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២ ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើង នៃជំងឺទឹកនោមផ្អែមរួមគ្នាការពារគ្រួសារយើងពីជំងឺទឹកនោមផ្អែម។
ទិវាទឹកនោមផ្អែម ក្នុងគោលបំណង នៃយុទ្ធនាការដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ដែលបង្កដោយជំងឺទឹកនោមផ្អែមមកលើក្រុមគ្រួសារ។
លើកកម្ពស់ការអប់រំការការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង និងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏សំខាន់ដល់កម្ពុជា និងពិភពលោកទាំងមូល ដែលមានអត្រាមរណៈភាព ២ភាគរយ នៃការស្លាប់ជំងឺ មិនឆ្លង ហើយប្រេវាឡង់មានរហូតដល់ ៩.៦ភាគរយក្នុងឆ្នាំ២០១៦។ ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺធ្វើឱ្យខូចបេះដូង ភ្នែក តម្រងនោម ដំបៅជើង ដៃ និងអាចកាត់ជើង ដៃជាដើម។
ការព្យាបាលជំងឺទឹកនោមផ្អែមត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាព និងហាត់ប្រាណឱ្យបានត្រឹមត្រូវ និងទៀងទាត់៕