សមាជិករដ្ឋសភា អញ្ជើញបើកកម្មវិធី ខតាន់ សម្រាប់ក្មេងៗ ១៦០នាក់ នៅខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ តាមរយៈសមាគមមនុស្សធម៌ មូស្លីម ខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា អមដំណើរដោយ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ អញ្ជើញបើកកម្មវិធី ខតាន់ (កាត់ចុងស្បែកលិង្គ) សម្រាប់ក្មេងៗ ចំនួន១៦០នាក់ ដោយឥតគិតថ្លៃ នៅវិហារ អ៊ីស្លាម នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ តាមរយៈសមាគមមនុស្សធម៌ មូស្លីម ខេត្តសៀមរាបដឹកនាំដោយ លោក Sohaimi bin Shahadan រួមនឹងប្រតិភូ ក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក Sohaimi bin Shahadan បានឱ្យដឹងថា ក្នុងនាមសមាគមមនុស្សធម៌ មូស្លីម ខេត្តសៀមរាប ពិតជាមានក្តីរីករាយ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូរបស់លោក ដែលបានមកដល់ទឹកដីនៃខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីខតាន់ (កាត់ចុងស្បែកលិង្គ) ជូនក្មេងៗ ចំនួន១៦០នាក់នៅក្នុងខេត្តនេះ។កម្មវិធីនេះធ្វើឡើងដោយឥតគិតថ្លៃ ដែលមានក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតមកពីប្រទេសម៉ាឡេស៊ី ចូលរួមដោយស្ម័គ្រចិត្តជាច្រើនរូប។
ថ្លែងនាឱកាសនោះឯកឧត្ដម អ៊ី ឡុង សមាជិករដ្ឋសភា ក៏បានថ្លែងអំណរគុណទៅដល់ ប្រតិភូនៃប្រទេសម៉ាឡេស៊ីដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការរៀបចំកម្មវិធីខតាន់នេះឡើង សម្រាប់ដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យ។ ដែលចំណុចបង្ហាញការ យកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ របស់បងប្អូនជាខ្មែរអ៊ីស្លាម នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាចូលរួមចំណែកក្នុងការចំណាយ នៃការរៀបចំកម្មវិធីនេះ។
ជាមួយគ្នានោះឯកឧត្តម បានបញ្ជាក់ថា បងប្អូនខ្មែរអ៊ីស្លាម បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារសង្គមនាពេលកន្លង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ។ជាក់ស្ដែងបងប្អូន ខ្មែរអ៊ីស្លាម បានចូលរួមចំណែក ក្នុងការងារជាមួយនិងថ្នាក់ដឹកនាំខេត្តបានយ៉ាងល្អប្រសើរទាំងកិច្ចការងារសង្គម មនុស្សធម៌ ក៏ដូចជាកិច្ចការងារផ្សេងៗទៀត ៕