នគរបាលការពារព្រំដែនគោក និងទាហានឈុតខ្មៅថៃ ជួបប្រជុំពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសតាមព្រំដែន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បាត់ចាត់តាំងលោកវរសេនីយ៍ត្រី ភឹម ណាង នាយប៉ុស្តិ៍ស្ទឹងបត់ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបសំណេះសំណាលពិភាក្សាការងារពង្រឹងសហប្រតិការជាមួយទាហានឈុតខ្មៅថៃ ដឹកនាំដោយលោកវរសេនីយ៍ទោ មីតបាន់ឆា ខងសូផា មេបញ្ជាការកងរយស្តីទី១៣០៤(ថៃ) នៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យលេខ៣៣ ក្នុងភូមិណូនសាំង ឃុំថាខាម ស្រុកអរញ្ញ ខេត្តស្រះកែវ តាមការអញ្ជើញរបស់ភាគីថៃ។
ការជួបពិភាក្សាខាងលើនេះដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមាន កិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និង សមត្ថកិច្ចថៃតាមព្រំដែន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការអនុត្តន៍ការងារផ្សេងៗ។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើ៣ចំណុចគឺ៖ ១-រក្សារទំនាក់ទំនងសហប្រតិបត្តិការទល់មុខភូមិសាស្ត្រ , ២-ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនផ្សេងៗ និង ៣-ភាគីកម្ពុជាសំណូមពរដល់ភាគីថៃជួយសម្រួលការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ ប្រសិនបើមានធុរៈជាក់ស្ដែងដូចជាឈឺពោះឆ្លងទន្លេ និងមានជំងឺផ្សេងៗ ដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់ត្រូវទៅព្យាបាលនៅប្រទេសថៃ ។
ភាគីថៃក៏បានយល់ព្រម និងឯកភាពតាមសំណូមពរក្នុងកិច្ចសហប្រតិបត្តិការពិភាក្សាការងារនេះទាំងស្រុងផងដែរ៕

