អំណោយជាស្បៀងអាហាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ៤០២គ្រួសារ នៅស្រុកភ្នំស្រុក និងថ្មពួក

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងនិងក្រុមការងារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកអំណោយជាស្បៀងអាហាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ទៅចែកជូនដល់ពុកម៉ែ បងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនតំបន់(២២២២)ចំនួន២៥២គ្រួសារ ស្ថិតក្នុងភូមិតេជោសន្តិភាព(២២២២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក និង ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ មកពី០២ឃុំ គឺឃុំគំរូនិងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ អំណោយដែលចែកជូន មានអង្ករចំនួន២០គ.ក្រ,មី០១កេស,ត្រីខ០១យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រា ត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ដែលតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ។
នាឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលកន្លងមក ។ជាមួយគ្នានោះដែរក៏ សូមអំពាវនាវដល់ពុកម៉ែ បងប្អូន ត្រូវជម្រុញដល់កូនចៅ ដែលមានអាយុគ្រប់១៥ឆ្នាំឡើង ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងពុកម៉ែ បងប្អូន ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពឬក៏នៅរយៈពេល៩០ថ្ងៃទៀតហួសសុពលភាពសុំទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ប្រសិនបើមានការបាត់បង់រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើថ្មីឡើងវិញ។ ព្រោះអត្តសញ្ញាណប័ណ្ណនេះ មានសារប្រយោជន៍ច្រើនណាស់ ទន្ទឹមនឹងសម្រាប់បំរើឲ្យការងារផ្ទាល់ខ្លួនក្នុងជីវភាពប្រចាំថ្ងៃ វាបំរើឲ្យការងារសម្រាប់ការបោះឆ្នោត ជាពិសេសគឺសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។ ចុងក្រោយឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព មានអនាម័យល្អ គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ៕
