ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ផ្តោតលើការការពារ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា រួមជាមួយប្រតិភូក្រសួងយុត្តិធម៌ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្តោតលើការការពារ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា នៅសាធារណរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមបើកវគ្គ និងស្វាគមន៍ដោយ លោក DongKun Anh ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតកូរ៉េ និងសហប្រធានលោក David Satola តំណាង world bank ជាសហប្រធាន និងលោក Wouter vesstra តំណាងវេទិកាសកលនៃសហគ្រាសបច្ចេកវិទ្យា និងជាប្រធានវគ្គបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពីភាគីមកពីប្រទេសឡាវ និងប្រទេសប៉ាពូញូវហ្គីនី។
APC-HUB វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការពង្រឹងសមត្ថភាពដែលផ្តល់ការបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតដល់សមាជិកសភា អ្នកបង្កើតគោលនយោបាយ ចៅក្រម ព្រះរាជអាជ្ញា អ្នកស៊ើបអង្កេត និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
គោលដៅរបស់យើងគឺដើម្បីកសាងបណ្តាញដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដោយការចែករំលែកគំនិត និងព័ត៌មាន និងការផ្តល់នូវកម្មវិធីពង្រឹងសមត្ថភាពទូលំទូលាយលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសហការជាមួយធនាគារពិភពលោក (WB) និងវេទិកាសកល អ្នកជំនាញអ៉ីនធឺណិត ( GFCE) ៕