រដ្ឋមន្ត្រីបរិស្ថាន៖ សន្និបាតក្រសួង ជាឱកាសសំខាន់ក្នុងការពិនិត្យ លើសមិទ្ធិផលការងារ បញ្ហាប្រឈម និងដាក់ចុះដំណោះស្រាយ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សន្និបាតក្រសួងជាឧកាសដ៏មានសារសំខាន់ ក្នុងការពិនិត្យលើសមិទ្ធិផលការងារ បញ្ហាប្រឈម និងដាក់ចុះដំណោះស្រាយ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ។
ឯកឧត្ដម សាយ សំអាល់ ថ្លែងបែបនេះ នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ។ សន្និបាតនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធាន គណៈកម្មការផែនការ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ឯកឧត្តម ជា អឿង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាតំណាងគណៈកម្មការទី៣ នៃរដ្ឋសភា និងក៏មានការចូលរួមពីតំណាងអន្តរក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួងបរិស្ថាន សរុបជាង៥០០នាក់ ។ សនិ្នបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលា នុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍ និងចំណេះដឹងថ្មី សម្រាប់ឈានទៅរៀបចំសម្រិតសម្រាំងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារ បន្តឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៃសង្គមជាតិ និងពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ៕


