ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យរើសាលាស្រុកបន្ទាយស្រី ទៅរុនតាឯក និងសាលាស្រុកអង្គរធំ ទៅពាក់ស្នែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យរើសាលាស្រុកបន្ទាយស្រី ទៅដាក់នៅតំបន់រុនតាឯក និងរើសាលាស្រុកអង្គរធំ ទៅតំបន់ពាក់ស្នែង ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី២១ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែបន្តអនុវត្តន៍ការសន្យា និងគោលនយោបាយដែលសម្តេច ផ្តល់ជូនអ្នករុនតាឯក និងពាក់ស្នែង។
សម្តេចតេជោ បានណែនាំឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ សម្តេចរំពឹងថា ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរ្តិ៍ដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ ។
សម្តេចតេជោ ក៏បានណែនាំអាជ្ញាធរពិភាក្សា ជាមួយប្រជាពលរដ្ឋនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីស្តារបារាយណ៍ខាងកើត ដែលអាចបញ្ចូលទឹកបានខ្លះ ៕
