ក្រសួងអប់រំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការសិក្សាមូលដ្ឋានគ្រឹះចំណេះដឹង ហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្ស នៅកម្រិតមធ្យមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ តុលា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការសិក្សាមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា” ក្រោមអធិបតីភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលជាសិក្ខាកាមរួមសរុប ១០០នាក់ ស្រី ៦២នាក់។ សិក្ខាសាលាមានរយៈពេល០១ថ្ងៃ គឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ។

គោលបំណងនៃសិក្ខាសាលា៖
– ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សអាចសិក្សាបានដោយខ្លួនឯងតាមប្រព័ន្ធ អេឡិចត្រូនិក អំពីមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ ដែលក្រសួងអប់រំ យុវជន និងកីឡា បានផលិត ឡើង ក្រោមការគាំទ្រដោយធនាគារហ្វីលីព។
– ផ្ដល់នូវមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុ ដែលជាមុខវិជ្ជាបំណិនជីវិតមួយយ៉ាងសំខាន់ដល់សិស្សានុសិស្ស និងសាធារណជនទូទៅក្នុងការចាត់ចែង គ្រប់គ្រង ចំណូល ចំណាយ ដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងជាពិសេសបណ្ដុះបណ្ដាល នូវគំនិតសហគ្រិនភាពប្រកបដោយភាពវៃឆ្លាតនាពេលអនាគត។

– ផ្សព្វផ្សាយវីដេអូមេរៀន សំណួរ-ចម្លើយ
ដោយបានបង្កើតជាវគ្គសិក្សានៅលើគេទំព័រសិក្សាតាមអេឡិចត្រូនិកស្របតាមខ្លឹមសារសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងរួមមាន៖
. មជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិកក្រសួង elearning.moeys.gov.kh
. គេហទំព័រធនធានសិក្សាកម្ពុជា oer.moeys.gov.kh
. កម្មវិធីទូរសព្ទដៃ MoEYS e-learning app
. បណ្តាញយូធូបផ្លូវការក្រសួង youtube.com/moeys.gov.kh
. ទំព័រហ្វេសប៊ុកផ្លូវការក្រសួង facebook.com/moeys.gov.kh
. ឆាណែលតេឡេក្រាមក្រសួង t.me/moeysnews
ថ្លែងក្នុងឱកាសនេះ លោកជំទាវ បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្ស ត្រូវមានបំណិនផ្នែកបច្ចេកវិទ្យា ព័ត៌មាន ដើម្បីភាពងាយស្រួលក្នុងការសម្របខ្លួននៅក្នុងសង្គមឌីជីថលដែលមានការវិវត្ដន៍ឥឈប់ឈរនាពេលបច្ចុប្បន្ននេះ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ធនាគារហ្វីលីព ដែលបានឧបត្ថម្ភដល់ការបង្កើតមាតិកាអប់រំផ្នែកហិរញ្ញវត្ថុ និងស្នើសុំឱ្យធនាគារហ្វីលីពបន្តជួយគាំទ្រដល់វិស័យអប់រំបន្ថែមទៀត ៕

