ឯកឧត្ដម ហ៊ុន ម៉ានី អបអរសាទរឯកឧត្តម ឌិត ទីណា ទទួលតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរ ប្រកបដោយសមានចិត្ត និងក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសដែល រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។
ការទទួលបានតួនាទីជាសមាជិករាជរដ្ឋាភិបាលក្នុងស្ថាប័ននីតិប្រតិបត្តិនាពេលនេះ គឺពិតជាស័ក្តិសមនឹងឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតី ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្ដម ហ៊ុន ម៉ាំនី មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងតួនាទីថ្មីនេះ ដើម្បីបុព្វហេតុប្រជាជាតិជានិរន្តរ៍តទៅ។
ឯកឧត្ដមបន្តថា បើទោះបីជាឯកឧត្ដមមិនមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាព្រឹកនេះក៏ដោយ តែឯកឧត្ដមក៏គាំទ្រនូវបេក្ខភាពរបស់ ឯកឧត្តម ឌិត ទីណា ដែលបានស្នើដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សូមជូនពរចំពោះ ឯកឧត្តម និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

