គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា និងឯកឧត្តម សន សារ៉ាណា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភាG២០(P២០) នៅទីក្រុងហ្សាកាតា
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភាG២០(P២០) នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានសម្រេចនូវលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កា ជាពិសេសការពង្រឹងនូវទំនាក់ទំនងការទូតសភា ដេីម្បីរួមគ្នាដោះស្រាយបញ្ហាដែលជាកង្វល់រួម សំដៅលេីកកម្ពស់សន្តិភាព និងវិបុលភាព នៅក្នុងតំបន់និងពិភពលោក៕