រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្ដីពី ការគាំពារ និងអភិវឌ្ឍកុមារតូច ២០២២-២០២៦
ភ្នំពេញ៖ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នាថ្ងៃទី៧ តុលា បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្ដីពី “ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០២២-២០២៦” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ព្រមទាំងមានសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ មន្ត្រីជំនាញពាក់ព័ន្ធរាជធានី-ខេត្តទាំង២៥ និងតំណាងដៃគូអភិវឌ្ឍ សរុបចំនួន៣០៥នាក់។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងបរិបទនេះការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលផ្ដើមចេញពីការគាំទ្រ ការអនុវត្តបែបពហុវិស័យរួមគ្នា។
ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា កុមារដែលបានទទួលសេវាគាំពារ និងឆ្លងកាត់ការៀនសូត្រនៅកម្រិតមត្តេយ្យសិក្សា តែងតែរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ហើយរៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងមិនបោះបង់ការសិក្សាឡើយ ដែលនឹងនាំមកនូវភាពជោគជ័យពេញមួយជីវិតរបស់ពួកគេ៕