នាយករងខុទ្ធកាល័យសម្ដេចតេជោ ផ្តល់អំណោយលើកទឹកចិត្ត ដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការនៅទំនប់អូរខៃដន
ភ្នំពេញ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពទឹកនៅទំនប់អូរខៃដន និងបានផ្តល់អំណោយជាមី និងថវិកាមួយចំនួន អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់កងកម្លាំង អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ និងកងកម្លាំងចម្រុះដែលបានប្រចាំការតាមដានស្ថានភាពទឹកនៅទំនប់អូរខៃដន ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម បានពិនិត្យស្ថានភាពទឹក និងបានណែនាំដល់កងកម្លាំងចម្រុះទាំងបីប្រភេទ ដែលប្រចាំការនៅតំបន់ទំនប់អូរខៃដន ត្រូវតាមដានស្ថានភាពទឹក ២៤ម៉ោងលើ២៤ម៉ោង និងជួយអន្តរាគមន៍កាប់ដីដាក់នៅលើខ្នងទំនប់ទប់ទឹកបានទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដែលបន្តហូរលើខ្នងអាងទំនប់៕