បុរសម្នាក់ដេកស្លាប់នៅលើផ្លូវចូលចំការ សង្ស័យជាករណីប្លន់យកម៉ូតូ
ភ្នំពេញ៖ នៅវេលាម៉ោង១៤:០០នាទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានបានទទួលព័ត៌មាន ពីលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលថា មានមនុស្សស្លាប់នៅលើផ្លូវលំចូលចំការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ។
ក្រោយទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ហួន នុន អធិការ ស្រុក បានបញ្ជាមកកម្លាំងជំនាញ ព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញពិនិត្យវិភាគ, កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ និងគ្រូពេទ្យបង្អែក ស្រុក។
ក្នុងកិច្ចប្រតិបត្តិការនៅជុំវិញទីកន្លែងកើតហេតុកម្លាំងប៉ុស្តិ៍បានធ្វើការព័ទ្ធជុំវិញទីកន្លែងកើតហេតុ នៃសាកសព បានឃើញសាកសព ឈ្មោះ ហុក សាង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជាអ្នកចាំចំការ ស្បែកជើង០១គូរ របស់ជនរងគ្រោះ។
តាមការពិនិត្យសាកសពមានស្នាមបែកផុងលលាដ៏ក្បាលចំនួន០១កន្លែងខាងក្រោយ, បែកថ្ពាល់ឆ្វេង ១កន្លែង និងរយៈដៃឆ្វេងប្រវែង០៥សម ជម្រៅ០,៥សម។ តាមការសន្និដ្ឋានជាការប្លន់យកម៉ូតូ និងសម្ភារដោយវាយជាមួយវត្ថុរឹង។
សម្ភារៈបាត់បងរួមមាន៖ ម៉ូតូមួយគ្រឿង (ហុងដាឌ្រីម សេ ១២៥ )សារីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ ។
ចំពោះសាកសពកម្លាំងជំនាញបានប្រគល់ជូនភរិយាឈ្មោះ តែម សុវណ្ណ ដើម្បីយកទៅធ្វើបុណ្យ នៅខេត្តកំពត បច្ចប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរសាក្សីពាក់ព័ន្ធ និងស្រាវជ្រាវបន្ត៕