ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត ។
បន្ទាប់ពីឯកឧត្តម លោកជំទាវប្រធានអនុគណៈកម្មការ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានរបស់អនុគណៈកម្មការនីមួយៗ ឯកឧត្តមអភិបាលខេត្ត បានណែនាំជំរុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវពិនិត្យ និងរៀបចំឡើងនូវគម្រោងចំណាយសម្រាប់ប្រើប្រាស់ក្នុងអនុគណៈកម្មការបម្រើឲ្យការរៀបចំពិធីប្រណាំងទូក និងត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ ត្រូវពិនិត្យ និងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ៕