អាជ្ញាធរខេត្តស្ទឹងត្រែង ប្រជុំពិសេសថ្នាក់ខេត្តពិភាក្សា ការលុបបំបាត់ជំងឺគ្រុនចាញ់សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេស ថ្នាក់ខេត្ត ពិភាក្សា នៃការលុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូរ រួមនិងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក ប៉ែន លីណាត បានមានប្រសាសន៍លើកឡើង សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និងសុខុមាលភាពប្រជាជន ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជំរុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារ ដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា៕

