កងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទាន់សភាពការណ៍ នៅចំណុចស្រែមួយរយ ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ លោកបានដឹកនាំកម្លាំងភ្លាមៗចុះដល់គោល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជន់លិចស្ថិតនៅក្មុងភូមិសាស្ត្រខាងលើ ចំនួន២៨គ្រួសារ ស្មើចំនួន១២១នាក់។
លោកបន្តថា ទឹកជន់ហូរឡើងខ្លាំងហួសការស្មាន តែទោះយ៉ាងណាលោកបានដឹកនាំកម្លាំងជួយសង្គ្រោះ ដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពបានចំនួន២៨គ្រួសារ ហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅចំណុចបឹងពពូល ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដោយសារទឹកជំនន់នោះទេ៕

