ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងទាំងនេះរួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និងគម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង ៣៩ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និង ទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និង ការសម្របសម្រួលផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានារបស់វិនិយោគិន។ ក្រៅពីនេះ, ក្រុមការងារត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល រួមទាំងការបណ្តុះបណ្តាលជំនាញ ការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់។
សូមបញ្ជាក់ថា ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១ ៣២៣,៨៩ ហិកតា, មានឆ្នេរសរុបប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះ ប្រមាណ ៤៣ គីឡូម៉ែត្រ ជាឆ្នេរខ្សាច់ ដែលទទួលបានចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៦, ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា បណ្ដាញផ្លូវ, គម្រោងអាកាសយានដ្ឋានកម្រិត 4C និង បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ជាដើម។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប គូសបញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពលវិនិយោគធំធេង ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះ មានចំនួនកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពីអឺរ៉ុប។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទុកមុន ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញវិធានការជាក់លាក់ និង/ឬ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និង បង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ ការដោះស្រាយបញ្ហាអគារជាប់គាំង និង ការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀត៕

