រដ្ឋបាលខេត្តរតនគិរី រៀបចំលើកដាក់រូបសំណាកដំរី នៅទីតាំងខាងត្បូងរមណីដ្ឋានបឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ

ភ្នំពេញ៖ រូបសំណាកសត្វដំដី ចំនួន៣ រួមមាន ៖ ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបាន រដ្ឋបាលខេត្តរតនគិរី បានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះ នៅថ្ងៃទី៩ ខែឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
សូមរលឹកថា រមណីដ្ឋានបឹងកន្សែង ស្ថិតនៅចំកណ្ដាលបេះដូងក្រុងបាលុង នៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញ រួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល ១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
និយាយរួមបច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕

