វត្តមានសម្តេចប៉ាប ហ្វ្រង់ស៊ីស ទាក់ទាញអ្នកគាំទ្រជាង ៨ម៉ឺននាក់ ចូលរួមក្នុងពិធីជួបជុំនៅពហុកីឡដ្ឋានជាតិ ឥណ្ឌូណេស៊ី

ហ្សាការតា៖ ជាធម្មតាមានតែតារា និងប្រធានាធិបតីប៉ុណ្ណោះដែលអាចធ្វើឱ្យពហុកីឡដ្ឋានជាតិរបស់ប្រទេសឥណ្ឌូណេស៊ីពេញហូរហៀរទៅដោយមនុស្ស ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញា វត្តមានសម្តេចប៉ាប ហ្វ្រង់ស៊ីស ប្រមុខសាសនាគ្រិស្តកាតូលិក បានផ្អើលខ្ទរខ្ទារ និងទាក់ទាញអ្នកគាំទ្រជាង ៨ម៉ឺននាក់។
ព្រឹត្តិការណ៍ដែលមានចំនួនអ្នកចូលរួមច្រើនសន្ធឹកនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងរយៈពេល ៤ថ្ងៃរបស់សម្តេចប៉ាបដែលមានវ័យ ៨៧ឆ្នាំនៅក្នុងរដ្ឋធានីហ្សាការតា ដែលជាការឈប់សំចតដំបូងនៃដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងអូសេអានី ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីម័រខាងកើត សិង្ហបុរី និងប៉ាពួញូហ្គីណេ។ អ្នកចូលរួមខ្លះបានលើកឡើងថា វត្តមានរបស់សម្តេចប៉ាបគឺប្រៀបដូចជាវត្តមានរបស់ព្រះយេស៊ូ។ សម្តេចបានផ្តល់ឱវាទអត់ឱន និងឱ្យប្រជាជនវិនិច្ឆ័យប្រកបដោយភាពវិជ្ជមាន។ រីឯក្រុមសិស្សានុសិស្ស និងមនុស្សចាស់បានប្រមូលផ្តុំគ្នាចូលទៅក្នុងពហុកីឡដ្ឋាន Gelora Bung Karno ខណៈមន្ត្រីព្រះវិហារកាតូលិកបានអះអាងថា សំបុត្រចំនួន ៨៧ ០០០ សំបុត្រសម្រាប់ពិធីបុណ្យអភិបូជាត្រូវបានចែកចាយនៅទូទាំងប្រជុំកោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
សម្តេចប៉ាបបានទៅទស្សនាវិហារឥស្លាម Istiqlal នៃរដ្ឋធានីហ្សាការតាដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿដើម្បីដោះស្រាយជម្លោះសាសនា។ មែនទែនទៅ គ្រិស្តសាសនិកគឺជាជនជាតិភាគតិចតូចមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលប្រជាជនម៉ូស្លីមមានចំនួន ៨៧ភាគរយនៃប្រជាជនសរុបចំនួន ២៨០លាននាក់។ ប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះទទួលស្គាល់សាសនាផ្លូវការចំនួនប្រាំមួយគឺ៖ សាសនាអ៊ិស្លាម ប្រូតេស្តង់ កាតូលិក ហិណ្ឌូ ពុទ្ធសាសនា និងខុងជឺ ហើយសេរីភាពសាសនាត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
រាងកាយគ្របដណ្ដប់ដោយក្រណាត់ពណ៌ស និងមានឈើឆ្កាងមាសនៅលើផ្ទៃខាងក្រោយ សម្តេចប៉ាបបានដាស់តឿនអ្នកស្តាប់ឱ្យខិតខំដើម្បីភាតរភាព ដោយសម្តេចបានមានឱវាទថា ៖«ខ្ញុំលើកទឹកចិត្តអ្នកឱ្យសាបព្រោះគ្រាប់ពូជនៃសេចក្តីស្រឡាញ់ ដើរលើផ្លូវនៃកិច្ចសន្ទនាដោយទំនុកចិត្ត បន្តបង្ហាញពីភាពល្អនិងភាពសប្បុរសរបស់អ្នក ត្រូវធ្វើជាអ្នកបង្កើតសាមគ្គីភាព។ ចូរធ្វើជាអ្នកកសាងសន្តិភាព»។ គួរជម្រាបថា សម្តេចប៉ាបហ្រ្វង់ស៊ីសក៏បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូកាលពីថ្ងៃពុធ ហើយបានជំរុញឱ្យមេដឹកនាំរូបនេះការពារប្រឆាំងនឹងភាពជ្រុលនិយមខាងសាសនា៕

