មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ធ្វើពិធីសម្បថ ដើម្បីបំពេញនីតិវិធីឱ្យបានត្រឹមត្រូវ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងយុត្តិធម៌ និងក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ចំនួន៣៤ រូបបានចូលធ្វើពិធីសម្បថនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំពេញនីតិវិធីឱ្យបានត្រឹមត្រូវតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្លាយជាមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់។
ក្នុងពិធីនេះ តំណាងអយ្យការ និងប្រធានក្រុមប្រឹក្សាសម្បថ ក៏បានណែនាំដល់មន្ត្រីទាំងអស់ដែលចូលរួមភារកិច្ចនេះ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ គោរពច្បាប់រដ្ឋធម្មនុញ្ញ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីផ្លូវថ្នល់ ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើ និងបំពេញការងារឱ្យបានល្អជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ៕
