ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកែប នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពិធីក៏មានលោកវរសេនីយ៍ អនុសេនីយ៍ ប្រតិភូអមដំណេីរ លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង-ស្រុក ទាំង២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។
កិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការរដ្ឋាននគរបាលខេត្ត គណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វេីការត្រួតពិនិត្យរចនាសម្ព័ន្ធ វត្តមាន និងឯកសារពាក់ព័ន្ធ តាមបណ្ដាផែន ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយយកចិត្តទុកដាក់បំផុត ជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរ ក្នុងការរួមសហការយ៉ាងសកម្មដោយទទួលបានជោគជ័យ។
បន្ទាប់ពីមតិចូលរួម និងថ្លែងអំណរគុណរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួចមក មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ប្រធានប្រតិភូសវនកម្ម បានអំណរសាទរចំពោះសមិទ្ធផលដែលសម្រេចបានលើការងារសវនកម្ម និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការយ៉ាងយកចិត្តទុកដាក់ ដោយទទួលខុសត្រូវលើការងាររបស់ខ្លួន។
ទន្ទឹមនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី ក៏បានកែលម្អរាល់ចំណុចខ្វះខាតមួយចំនួន ដើម្បីជាទិសដៅសម្រាប់យកទៅអនុវត្តនាពេលខាងមុខបន្ថែមទៀតផងដែរ ៕
