សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសមានសន្តិភាព មានតែការអភិវឌ្ឍ ហើយប្រទេសមានសង្គ្រាម មានតែការបំផ្លិចបំផ្លាញ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។
សម្តេចតេជោ បានបញ្ជាក់ថា «នៅមីយ៉ាន់ម៉ា សភាពការណ៍វាមិនធូរស្រាលទេ វាកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ចឹងយើងអាចប្រៀបធៀបានប្រទេសមួយសន្តិភាព មានឱកាសដំណើរការសាងសង់រោងចក្រផលិតទឹកស្អាត តែប្រទេសមានសង្គ្រាម មានតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ»។
សម្តេចតេជោ បន្តជាក់ស្តែង កម្ពុជាកំពុងតែបង្កើតរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ហើយចរចារោងចក្រផលិតទឹកស្អាតជំហានបន្តទៀត ខណៈនៅមីយ៉ាន់ម៉ា មិនទាន់មានឱកាសសាងសង់អ្វីបន្ថែមឡើយ។
សូមជម្រាបថា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលគណបក្សជាប់ឆ្នោត របស់លោកស្រី អង់ សាន ស៊ូជី ត្រូវបានទម្លាក់ដោយកងទ័ពយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោក មីន អោងហ្លាំង ៕
