នាយករដ្ឋមន្ត្រី៖ ចំណេះដឹងជាគ្រឿងអលង្ការ ល្អជាងរូបរាងកាយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំណេះដឹងជាគ្រឿងអលង្ការ ល្អជាងរូបរាងកាយ ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ តុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល ដោយមិនពឹងផ្អែកតែលើគ្រូ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីអប់រំ គិតគូរផ្តល់ការអប់រំដល់យុវជន និងកុមារចំណាកស្រុកធ្វើការងារ ។ សម្តេច ក៏បានណែនាំឱ្យក្រសួងការងារ និងក្រសួងអប់រំ គិតគូរឱ្យកុមារតាមឪពុកម្តាយទៅធ្វើការនៅថៃ ទទួលបានការអប់រំ។ សម្តេចថា ត្រូវគិតឱ្យគ្រប់មិនត្រូវទុកឱ្យនរណាម្នាក់នៅក្រៅការអប់រំនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រឹះស្ថានអប់រំនានា កុំបោះបង់ការបណ្តុះបណ្តាលជំនាញខ្លីៗ ៕
